ស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃស្លាប់នៅមណ្ឌលសុខភាពជង្រុក ខណៈមានការសង្ស័យពីការធ្វេសប្រហែស និងការបិទបាំងព័ត៌មាន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ (www.k-takeoekreach.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃស្លាប់នៅមណ្ឌលសុខភាពជង្រុក ខណៈមានការសង្ស័យពីការធ្វេសប្រហែស និងការបិទបាំងព័ត៌មាន

 # ស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃស្លាប់នៅមណ្ឌលសុខភាពជង្រុក ខណៈមានការសង្ស័យពីការធ្វេសប្រហែស និងការបិទបាំងព័ត៌មាន



ខេត្តកំពង់ស្ពឺ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ រួមទាំងទារកក្នុងផ្ទៃ បានបាត់បង់ជីវិតយ៉ាងសោកសៅ ពេលបញ្ជូនទៅសម្រាលនៅមណ្ឌលសុខភាពជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ករណីនេះកំពុងរងការសង្ស័យថា កើតចេញពីការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងប្រធានមណ្ឌលសុខភាព ខណៈកំណត់ត្រាពិនិត្យផ្ទៃពោះប្រចាំខែបានបញ្ជាក់ថា ទាំងម្ដាយនិងទារកមានសុខភាពល្អធម្មតា។
ជនរងគ្រោះមានឈ្មោះ គួន ធូរ អាយុ ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្នក្នុងភូមិសូរគង់ ឃុំស្នំក្រពើ ស្រុកគងពិសី។
ភាពមិនស៊ីចង្វាក់គ្នានៃព័ត៌មានជុំវិញការស្លាប់៖
យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះ បានប្រាប់អង្គភាពសារព័ត៌មានយើងថា ជនរងគ្រោះបានទៅសម្រាករង់ចាំការសម្រាលនៅមណ្ឌលសុខភាពនោះរយៈពេល ៣ថ្ងៃមកហើយ មុនពេលបាត់បង់ជីវិត។ ផ្ទុយទៅវិញ ឆ្លើយតបនឹងការសាកសួររបស់អង្គភាពយើង អ្នកស្រីប្រធានមណ្ឌលសុខភាពជង្រុក បានបដិសេធចំពោះការលើកឡើងនេះ ដោយអះអាងថា ស្ត្រីរងគ្រោះទើបតែចូលមកសម្រាកនៅថ្ងៃទី០៣ ខែឧសភា វេលាម៉ោង ៦:០០នាទីព្រឹកប៉ុណ្ណោះ។
ជុំវិញករណីនេះ អង្គភាពយើងមិនទាន់អាចសុំការបំភ្លឺលម្អិតពីស្វាមីជនរងគ្រោះបាននៅឡើយទេ ដោយសារលោកកំពុងមានទុក្ខជាទម្ងន់ និងជាប់រវល់រៀបចំពិធីបុណ្យសពគម្រប់ ៧ថ្ងៃ។ ចំណែកឯ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានបញ្ជាក់ប្រាប់យើងថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតផ្លូវការណាមួយឡើយ ដោយគ្រាន់តែទទួលបានរបាយការណ៍បឋមថា ស្ត្រីរងគ្រោះបានស្លាប់នៅពេលកំពុងបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យតែប៉ុណ្ណោះ។
ការសង្ស័យជុំវិញការបិទបាំងព័ត៌មាន និងកំហុសវិជ្ជាជីវៈ៖
តាមការស៊ើបអង្កេតរបស់អង្គភាពយើង របាយការណ៍ដែលចេញដោយប្រធានមណ្ឌលសុខភាព និងមន្ទីរសុខាភិបាលស្រុក ហាក់មានភាពមិនប្រក្រតី។ លើសពីនេះ យើងទទួលបានព័ត៌មានលេចធ្លាយថា អ្នកស្រីប្រធានមណ្ឌលសុខភាព បានធ្វើការទំនាក់ទំនងអន្តរាគមន៍ទៅកាន់មន្ត្រីពាក់ព័ន្ធក្នុងឃុំ និងស្រុក ដើម្បីជួយបិទបាំងព័ត៌មាននេះ ពិសេសព្យាយាមលាក់បាំងឯកសាររបាយការណ៍មិនឲ្យអ្នកសារព័ត៌មានទទួលបាន។






ផ្អែកលើអង្គហេតុខាងលើ ករណីនេះអាចមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ

១. បទល្មើសមនុស្សឃាតដោយអចេតនា៖ យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២០៧ បើការស៊ើបអង្កេតរកឃើញថា ការស្លាប់នេះបណ្តាលមកពីការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការបំពានលើកាតព្វកិច្ចសន្តិសុខ ដែលច្បាប់បានតម្រូវ គ្រូពេទ្យពាក់ព័ន្ធអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់។
២. ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល៖ គ្រូពេទ្យមានកាតព្វកិច្ចសង្គ្រោះជីវិតអ្នកជំងឺជាចម្បង។ ការទុកចោលអ្នកជំងឺដោយខ្វះការយកចិត្តទុកដាក់ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដែលអាចឈានដល់ការដកហូតអាជ្ញាបណ្ណ។
៣. ការក្លែងបន្លំឯកសារ និងបិទបាំងការពិត៖ ប្រសិនបើមានការរួមគំនិតគ្នាកែប្រែរបាយការណ៍វេជ្ជសាស្ត្រ ឬលាក់បាំងភស្តុតាង ដើម្បីគេចវេះពីការទទួលខុសត្រូវ នោះមន្ត្រីពាក់ព័ន្ធនឹងត្រូវប្រឈមមុខនឹងច្បាប់បន្ថែមទៀត ជុំវិញបទក្លែងបន្លំឯកសារសាធារណៈ។

អង្គភាពសារព័ត៌មានយើងខ្ញុំ សូមធ្វើសេចក្តីរាយការណ៍នេះ ដើម្បីជាសារអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មេត្តាចាត់ក្រុមអធិការកិច្ចចុះស៊ើបអង្កេតស្រាវជ្រាវករណីនេះឲ្យបានស៊ីជម្រៅ និងតម្លាភាពបំផុត។
ការបណ្តែតបណ្តោយ ឬគ្មានចំណាត់ការច្បាស់លាស់ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធសុខាភិបាលសាធារណៈប៉ុណ្ណោះទេ តែវានឹងធ្វើឲ្យអាយុជីវិតស្ត្រីមានផ្ទៃពោះផ្សេងទៀតបន្តស្ថិតក្នុងហានិភ័យ។ ជនរងគ្រោះត្រូវតែទទួលបានយុត្តិធម៌ ហើយអ្នកប្រព្រឹត្តកំហុសវិជ្ជាជីវៈត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
Previous Post Next Post