បារមីខ្លាំងមែន! សង្វៀនជល់មាន់ និងអាប៉ោងរបស់ «លោក ផល្លី» បើកលេងយ៉ាងគគ្រឹកគគ្រេងក្បែរប៉ុស្តិ៍នគរបាលឃុំកំពង់គរ ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
មេបនល្បែងស៊ីសងដ៏ល្បីឈ្មោះមួយរូបប្រចាំតំបន់ គឺ លោក ផល្លី ត្រូវបានគេមើលឃើញថា ពិតជាមាន «បារមី» និងខ្សែទុយោមិនធម្មតាពិតមែន ដោយបុគ្គលរូបនេះហ៊ានបើកទីតាំងបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ដែលមានទាំងសង្វៀនជល់មាន់ និងវង់អាប៉ោង យ៉ាងរំភើយ ដោយមិនមានការកោតញញើតច្បាប់ទាល់តែសោះ។ ទីតាំងល្បែងស៊ីសងនេះ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
អ្វីដែលធ្វើឱ្យមហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានហួសចិត្តបំផុតនោះ គឺទីតាំងល្បែងស៊ីសងខាងលើនេះ បើកលេងយ៉ាងគគ្រេងគគ្រេង ស្រែកហ៊ោកញ្ជ្រៀវយ៉ាងរំភើយ នៅក្បែរទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់គរតែម្តង ប៉ុន្តែបែរជាមិនមានការរំខាន ឬចុះបង្ក្រាបពីសំណាក់ លោកមេប៉ុស្តិ៍នគរបាលឃុំ ឬ លោកអធិការនគរបាលស្រុកព្រែកប្រសព្វ នោះឡើយ។ ភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន ថ្នាក់ឃុំ និងថ្នាក់ស្រុក ក្នុងការទប់ស្កាត់បទល្មើសនេះ បានធ្វើឱ្យមានការរិះគន់ចំៗថា តើអាជ្ញាធរពាក់ព័ន្ធកំពុងត្រូវថ្នាំសណ្តំរបស់ «លោក ផល្លី» ឬមួយក៏មានការឃុបឃិតបើកភ្លើងខៀវ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ណាមួយ ទើបបណ្តែតបណ្តោយឱ្យល្បែងស៊ីសងរីកដុះដាលផ្ទុយពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងដូច្នេះ?
វត្តមាននៃល្បែងស៊ីសងខុសច្បាប់នេះ កំពុងក្លាយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រោះល្បែងស៊ីសងគឺជាប្រភពដើមនៃការផ្តើមឱ្យមានបទល្មើសចោរកម្ម អំពើហិង្សាគ្រួសារ និងបញ្ហាសន្តិសុខសង្គមផ្សេងៗទៀត ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងភាពសុខសាន្តនៅក្នុងភូមិស្រុក។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះថ្នាក់ដឹកនាំខេត្ត ដោយសូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និង លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក្រចេះ សូមមេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ទៅលើទីតាំងល្បែងស៊ីសងរបស់លោក ផល្លី ព្រមទាំងមានចំណាត់ការចំពោះមន្ត្រីថ្នាក់ក្រោមដែលបណ្តែតបណ្តោយឱ្យមានបទល្មើសនេះកើតឡើង។
ទាក់ទិននឹងករណីនេះ អង្គភាពយើង និងប្រជាពលរដ្ឋ នឹងបន្តរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ថា តើថ្នាក់ដឹកនាំខេត្ត នឹងមានចំណាត់ការក្តៅកម្រិតណា ទៅលើមេបនល្បែងលោក ផល្លី និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ នាពេលខាងមុខនេះ។
(អង្គភាពសារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ និងសាមីខ្លួន រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងការពិត តាមរបៀបវិជ្ជាជីវៈសារព័ត៌មាន។)


