ទឹកចិត្តអ្នកម្ដាយចិត្តធម៌ចំពោះក្មួយស្រី សៀត ធីតា អ្នកលក់ពងទា
ក្រោយពីរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍រវាងក្មួយស្រី សៀត ធីតា ដែលប្រកបរបរលក់ពងទា និងម្ចាស់រថយន្តម៉ាក Lexus កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ បានផ្ទុះការកក្រើក និងចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក (បច្ចុប្បន្នភាគីទាំងពីរបានសម្របសម្រួលបញ្ចប់រឿងរួចរាល់) ដំណឹងនេះក៏បានជ្រាបទៅដល់ការយកចិត្តទុកដាក់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដោយក្ដីអាណិតអាសូរក្នុងនាមជា "មាតាចិត្តធម៌" នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តាំងតំណាងគឺ លោក សេង គុណ អភិបាលខណ្ឌមានជ័យ ឱ្យនាំយកអំណោយសប្បុរសធម៌ចុះទៅឧបត្ថម្ភដោយផ្ទាល់ដល់លំនៅឋានក្មួយស្រី សៀត ធីតា ដែលស្ថិតនៅភូមិខ្វៅលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អំណោយដ៏ថ្លៃថ្លាដែលបានផ្ដល់ជូននោះរួមមាន ថវិកាចំនួន ៤លានរៀល ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀតផងដែរ។
ទទួលបាននូវអំណោយដ៏ធំធេងនេះ ក្មួយស្រី សៀត ធីតា មានក្ដីរំភើបរំជួលចិត្តយ៉ាងខ្លាំង និងបានសូមលំអោនកាយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចពុក ហ៊ុន សែន ដែលជានិច្ចកាលតែងតែមានព្រហ្មវិហារធម៌ ជួយយកអាសារកូនចៅ និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកទូទាំងប្រទេសនៅគ្រប់កាលៈទេសៈ។




